កុំទុកចិត្ត
បទពាក្យប្រាំបួន (សូត្របែបរាស់)
| កុំទុកចិត្តមេឃរកកល់នឹងភ្លៀង | ទុកអ្នកច្រៀងពីរោះពិសាគ្រប់បទ | |
| កុំទុកចិត្តប្រុសដែលរឿយៗច្រើនក្បត់ | ទុកអ្នកខ្សត់គ្រប់គ្នាគ្មានមារយាទ | ។ | 
| កុំទុកចិត្តស្វាមីពិតល្អហ្មត់ហ្មង | ទុកដន្លងឆ្កឺតៗរលាំងរលាត | |
| កុំទុកចិត្តកម្មបុពេ្វវិជ្ឈវាត | ទុកចិត្តញាតិសាច់សារទាំងផៅសន្តាន | ។ | 
| កុំទុកចិត្តមេឃថារាំងរូសមិនក្តៅ | ទុកដំបៅថាពងបែកនឹងសះបាន | |
| កុំទុកចិត្តស្គរបវរថ្កុំថ្កើងថ្កាន | ព្រៃស្មរសានស្ងាត់ជ្រងំគ្មានម្រឹគ | ។ | 
| កុំទុកចិត្តរនោចយប់យន់សម័យ | ទុកចិត្តថ្ងៃព្រហាមស្អែកគ្មានពេលព្រឹក | |
| កុំទុកចិត្តភ្លៀងផ្គរថាមិនទទឹក | ទុកចិត្តសឹកគ្មានសៀងគ្រឿងផ្សំអំបិល | ។ | 
| កុំទុកចិត្តកូនស្រីរែងគ្មានសង្សារ | ទុកចិត្តតាចាស់ដែលទៅវត្តរាល់សីល | |
| កុំទុកចិត្តកំណប់ថាមិនរើកិល | ទុកភ្នំដិលគ្មានពិស្តារការប្រវត្តិ | ។ | 
| កុំទុកចិត្តអេដស៍ថាអត់ហើយមិនឆ្លង | ទុកចិត្តខ្នងមិនដែលអេះមានរលាត់ | |
| កុំទុកចិត្តដូនជីរឿយៗទៅវត្ត | ទុកអ្នកឃាត់ទាំងអស់ថាមានខន្តី | ។ | 
| កុំទុកចិត្តក្បួនខ្នាតរង្វាស់រង្វាល់ | ទុកអ្នកស្គាល់គិតគូនាំមកសិរី | ។ | 
| កុំទុកចិត្តទាំងអស់ណាស្រស់ពិសី | ទុកចិត្តអ្វីក្រៅពីអត្ម័នយើងឡើយ | ។ | 
ខ្ញុំជានរណា?
បទពាក្យប្រាំបី
| ទឹកខ្មៅដារិទ្ធគេងគិតកាព្យថ្មី | បទពាក្យប្រាំបីជួយស្ដីឲ្យស្ដាប់ | |
| ចូរមើលឲ្យស្ដែងគេឯងបង្អាប់ | បង្អាក់អ្នកផ្កាប់ឲ្យក្រឡាស់ផ្ងារ | ។ | 
| កូនគេកូនឯងមិនក្រែងម៉ែឪ | ភ្លើតភ្លើនភ្លូកផ្លូវតម្រូវអាត្មា | |
| ភ្លេចភ្លាំងខ្លួនខ្មែរអ្នកថែរក្សា | វប្បធម៌ខេមរាដូនតាបន្សល់ | ។ | 
| សិល្បៈសាសនាភាសាទំនៀម | ស្ដែងឥតលាក់លៀមម្ដេចរៀមមិនខ្វល់ | |
| ប្រពៃណីល្អ ឬក៏គ្មានផល | ស្ដាប់គិតងឿងឆ្ងល់ស្វែងយល់កត់ត្រា | ។ | 
| វប្បធម៌បរទេសចចេសឃើញជាក់ | សម្លៀកបំពាក់ឥតលាក់កាយា | |
| សំយេះរីបខើចបញ្ចើនេត្រា | លាបពណ៌កេសាប្រហារជាតិឯង | ។ | 
| រាំញាក់ដៃក្ដាប់ចាក់កាប់ពេញវង់ | ថាចេះតែល្ងង់ព្រោះលង់ឥតក្រែង | |
| ចម្លងពីគេថាស្មេរខ្លួនឯង | ភ្លេចការតាក់តែងតំណែងនិពន្ធ | ។ | 
| ចូលវត្តពាក់មួកគម្រក់កាយា | ជួបសង្ឃយាយតាឡូឡាភ្លេចគុណ | |
| តែងខ្លួនហួសមាឌឲ្យញាតិគយគន់ | យកបាបចោលបុណ្យទោសធ្ងន់ពេកក្រៃ | ។ | 
| ពិធីការខ្មែរមានកែកាត់នំ | ខូចទម្លាប់ធំច្រឡំទាំងថ្ងៃ | |
| យករបស់គេរញ៉េរញ៉ៃ | ងក់ក្បាលចាប់ដៃចង្រៃសាវតារ | ។ | 
| ឈរឆ្លុះកញ្ចក់សម្លក់ឲ្យចំ | រួចឆ្លើយឲ្យសមខ្ញុំជានរណា | |
| លង់ឈ្លក់វង្វេងទាំងក្មេងហើយណា | ភ្លេចបណ្ដាំតាដែលថាជាខ្មែរ | ។ | 
| មិនគិតខំរៀនឲ្យមានស័ក្តិយស | ចេះដឹងខ្ពង់ខ្ពស់ជំនួសពុកម៉ែ | |
| ភ្លេចស្រុកខ្លួនកើតកំណើតនៅស្រែ | ភ្លេចគុណពុកម៉ែមើលថែរូបកូន | ។ | 
| ឈ្លក់នឹងភ្លើងពណ៌ញាប់ញ័រភ្លេចប្រាណ | ភ្លេចញាតិសន្ដានឲ្យបានចិត្តអូន | |
| ជាន់វប្បធម៌ជាតិឲ្យឃ្លាតសាបសូន្យ | តម្រូវចិត្តខ្លួនខុសក្បួនតម្រា | ។ | 
 រក្សាបរិស្ថានបឹងទន្លេសាប
បទពាក្យប្រាំពីរ ជាប់ទង
និពន្ធដោយឯកឧត្តម ណៅ ធួក ប្រធានរដ្ឋបាលជលផល
| បឹងទន្លេសាបល្បីមានត្រី | ត្រីមានឈ្មោះល្បីពេញលោកា | |
| បឹងកេរ្តិ៍តំណែលពីដូនតា | តាជូនផ្ដាំថាត្រូវការពារ | ។ | 
| ស្រាវជ្រាវពិសោធន៍ដោយធ្វើការ | ការធ្វើយ៉ាងណាត្រូវប្រជា | |
| ប្រាកដជាក់ច្បាស់លទ្ធផលធារ | ធារផលធានាភាពនិរន្តន៍ | ។ | 
| បង្កើនធនធានតាមធ្វើបាន | បានធ្វើប៉ុន្មានក្នុងតំបន់ | |
| ជំនាន់ក្រោយទៀតស្គាល់គ្រប់គ្រាន់ | គ្រាន់គ្រប់មាត់ទាន់តម្រូវការ | ។ | 
| ហាមប្រើឧបករណ៍ណាខុសច្បាប់ | ច្បាប់ខុសសណ្ដាប់ប្រែមាត្រា | |
| វារីវប្បកម្មជ្រូកមាន់ទា | ទាមាន់រួមគ្នាសន្ដិសុខស្បៀង | ។ | 
| រក្សាបរិស្ថានព្រៃលិចទឹក | ទឹកលិចពន្លឹកត្រីច្រើនទៀង | |
| មានព្រៃមានទឹកនិងមានភ្លៀង | ភ្លៀងមានឥតល្អៀងសម្បូរត្រី | ។ | 
១.ភាសិតៈ
ទីណាមានមនុស្សភេទប្រុសស្រី                 ទីនោះគប្បីសន្មតចុះ
ប្រាកដជាមានអង្គព្រះរស់                         ដែលធ្លាប់ហៅឈ្មោះថាម៉ែឪ។
ទីណាដែលគ្មានព្រះរស់ទេ                        ទីនោះទំនេរស្ងាត់ពេកកូវ
គ្មានមនុស្សដីទឹកគ្មានគ្រប់ផ្លូវ                    ពិភពលោកត្រូវសូន្យគ្រប់យ៉ាង ។
២.ភាសិតៈ
ពាក្យអ្វីៗមិនស្មើនិងពាក្យថា                     ម៉ែ ឪ ម៉ៈ ប៉ា ប៉េ ចិ ជិម
ជាពាក្យវិសេសឥតអ្វីផ្ទឹម                          ពាក្យមានសង្ឃឹមក្នុងលោកិយ។
ពាក្យនេះជានាមនៃព្រះរស់                       មនុស្សលោកទាំងអស់ទាំងប្រុសស្រី
ហៅតាំងពីតូចទើបចេះស្ដី                         ដល់ស្លាបដេកដីទើបឈប់ហៅ ។
៣.ភាសិតៈ
មនុស្សលោកមានកម្មជាពូជពន្ធុ                មិនមែនទេវមន្តព្រះអល្លាហ៍
ព្រះព្រហ្ម ឥសូរ ជេហូវ៉ា                            សេកមន្តគាថាបង្កើតបាន។
កំណើតមនុស្សពិតកើតពីកម្ម                     ផ្សំធាតុទាំងប្រាំបីកើតប្រាណ
ធម្មតាតាក់តែងតាមលំអាន                      កើតបានជាឈើព្រៃព្រឹក្សា ។
៤.ភាសិតៈ
ម៉ែឪជាបុគ្គលប្រសើរណាស់ក្នុងលោកិយ               កូនប្រុសស្រីកុំយល់ថាមានគុណតែត្រឹមខ្លួន
ម៉ែឪគឺជាម៉ែឪសកលលោកពេញចំនួន                  ទាំងម៉ែឪក្បូនច្បាប់វិទ្យាសាស្ត្រទាំងអស់។
ព្រោះអ្នកប្រាជ្ញអ្នកមានយសមានទ្រព្យគ្រប់ឋានៈ   គ្មាននរណាម្នាក់កើតមកឥតម៉ែឥតឪសោះ
គ្រប់ជាតិសាសន៍សុទ្ធតែកូនម៉ែកូនឪទាំងអស់        នេះឯងព្រះរស់កូនត្រូវបូជាគុណរាល់ពេល
៥.ភាសិតៈ
ម៉ែឪមានគុណណាស់          មិនសំពះខ្មាស់អៀនដៃ
ឯអ្នកក្រៅដទៃ                    វិស័យសោះសំពះបាន ។
៦.ភាសិតៈ
ព្រះស្ថិតនៅឯគេហស្ថាន      គួរថ្វាយទានមុនព្រះឯវត្ត
មួយវិញទៀតថាៈ
ម៉ែឪនៅផ្ទះ              លោកទុកជាព្រះ       ដូចព្រះឯវត្ត
សំពត់អាហារ           កូនត្រូវផ្គង់ផ្គត់          កុំអោយលោកអត់
បានបុណ្យដូចគ្នា។
៧.ភាសិតៈ
រូបកាយសាច់ឈាមកូនប្រុសស្រី               គឺជាសាក្សីនៃឪម៉ែ
ដែលលោកខិតខំបំរើថែ                            នឿយឥតមានល្ហែជាច្រើនឆ្នាំ
ទម្រាំបានធំកើតជាមនុស្ស                        ហេតុនេះកូនប្រុសស្រីចូរចាំ
គុណលោកកុំភ្លេចបុរាណផ្ដាំ                      ថាបើអ្នកចាំគុណលោកជួយ ។
៨.ភាសិតៈ
អ្នកដែលមិនដឹងគុណមិនតបគុណ             ដូចដុំថ្មធ្ងន់ធ្លាក់ក្នុងទន្លេ
មិនដែលអណ្ដែតលើទឹកបានទេ                 ទេព្ដាតែជេរផ្ដន្ទាជានិច្ច
ឯអ្នកដឹងគុណហើយធ្វើគុណតប               តែងតែប្រកបមិនដែលលង់លិច
ទោះបីទ័លក្រខ្សត់ខ្សោយដូចម្ដេច              ទេព្ដាមិនភ្លេចជួយថែរក្សា ។
ចំលងចេញពីសៀវភៅព្រះរស់របស់លោក សុង ស៊ីវ
 
No comments:
Post a Comment